ដឹងអត់ Facebook ខាតលុយប៉ុន្មានលានដុល្លារ ពេលគាំងជិត ២ម៉ោង

កាលពីយប់ថ្ងៃអង្គារកន្លងទៅបណ្ដាញទំនាក់ទំនង Facebook Instagram និង Threads បានជួបបញ្ហាជិត ២ម៉ោង ដែលបណ្ដាលឲ្យអ្នកប្រើប្រាស់ជាច្រើនត្រូវ Log Out ចេញ និងមិនអាច Log In ចូលវិញបាន។ អ្នកវិភាគ Dan Ives នៃស្ថាប័ន Wedbush Securities បានប៉ាន់ស្មានថា ក្រុមហ៊ុនមេ Meta មានការខាតបង់ជាង ១០០លានដុល្លារ ក្រោយពីការផ្សព្វផ្សាយពាណិជ្ជកម្មជាប់គាំងលើ Facebook Instagram និង Threads និងជាការជាប់គាំងទ្រង់ទ្រាយធំ។ ទាក់ទងនឹងបញ្ហាគាំងនេះ Meta មិនបានបង្ហាញព័ត៌មានលម្អិតពីមូលហេតុនោះទេ ដោយគ្រាន់តែនិយាយថាវាគឺជាបញ្ហាបច្ចេកទេស។ ដោយឡែកការចុះផ្សាយរបស់ Daily Mail និយាយថា ប្រព័ន្ធផ្ទៃក្នុងរបស់ Meta ក៏មិនដំណើរការដែរពេលកើតមានបញ្ហានេះ ហើយវាទំនងជាមូលហេតុពីក្រោយបញ្ហានេះ៕